
ទិដ្ឋភាពទូទៅអំពីការពណ៌នាមុខវិជ្ជា
សម្រាប់ការសិក្សាមុខវិជ្ជា ការអភិវឌ្ឍនិងការរៀនសូត្ររបស់កុមារនៅកម្រិតបឋមសិក្សា មានគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់សិក្ខាកាមដោយផ្តោតលើទ្រឹស្តីនៃការអភិវឌ្ឍរបស់កុមារ ដែលចាប់ពីកុមារភាព រហូតដល់វ័យសិក្សាពេញលេញនៅកម្រិតបឋមសិក្សា ដោយផ្សារភ្ជាប់ទៅនឹងការអនុវត្ត ផ្អែកលើខ្លឹមសារជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍរបស់កុមារដែលមានដូចជា សញ្ញាណទូទៅនៃការអភិវឌ្ឍរបស់កុមារ ការអភិវឌ្ឍកុមារតាមកម្រិតអាយុ ការអភិវឌ្ឍខួរក្បាល ការអភិវឌ្ឍពុទ្ធិ ការអភិវឌ្ឍប្រត្យក្សារម្មណ៍ ការអភិវឌ្ឍភាសា ការអភិវឌ្ឍសរីរាង្គចលករ ការអភិវឌ្ឍចិត្តសង្គម ការអភិវឌ្ឍទឹកចិត្តស្រឡាញ់ ការអភិវឌ្ឍសញ្ចេតនា ការអភិវឌ្ឍសីលធម៌ និងកត្តាដែលជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់កុមារក្នុងវ័យកុមារភាព ។ ជាងនេះទៅទៀត សម្រាប់វគ្គសិក្សានេះផងដែរ មានគោលបំណងក្នុងការកំណត់លក្ខណៈខុសគ្នា ឬភាពផ្សេងៗគ្នារបស់កុមារនៅក្នុងការសិក្សារបស់ពួកគេ នៅក្នុងវ័យសិក្សាឱ្យសមស្របនឹងល័ក្ខខណ្ឌនៃការអភិវឌ្ឍ ដោយធ្វើការជ្រើសរើសវិធីសាស្រ្ត យុទ្ធវិធី និងសម្ភារឧបទេសឱ្យបានសមស្របនៅក្នុងដំណើរការបង្រៀន និងរៀន។
ការសិក្សាមុខវិជ្ជានេះធ្វើឡើងតាមបែបចម្រុះ (Blended Learning) គឺរួមបញ្ចូលទាំងការសិក្សាផ្ទាល់ជាមួយគ្រូឧទ្ទេស ការសិក្សាតាមអនឡាញ និងការសិក្សាតាមអេឡិចត្រូនិក ដោយប្រើប្រាស់ ធនធានសិក្សានៅក្នុងថ្នាល់អភិវឌ្ឍសមត្ថភាព (CPD) ដូចជា វីដេអូមេរៀន សៀវភៅសិក្សា និងប្រភពធនធានផ្សេងទៀតដែលត្រូវបានផ្ដល់ឱ្យ ឬណែនាំដោយគ្រូឧទ្ទេស។ អ្នកសិក្សាត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមជាបុគ្គលឬក្រុម រៀបចំលទ្ធផលសម្រេចបាន និងធ្វើបទបង្ហាញ។ ក្រោយពេលបញ្ចប់វគ្គសិក្សានេះ សិក្ខាកាមនឹងបកស្រាយបានស៊ីជម្រៅអំពីខ្លឹមសារនៃការអភិវឌ្ឍកុមារពីកុមារភាព និងការរៀនសូត្ររបស់កុមារនៅកម្រិតបឋមសិក្សា។ លើសពីនេះទៅទៀត សិក្ខាកាមមានសមត្ថភាពក្នុងការដឹកនាំ និងសម្រួលដល់ការសិក្សារបស់កុមារនៅកម្រិតបឋមសិក្សា ប្រកបដោយទំនុកចិត្តនិងមានប្រសិទ្ធភាពនៅក្នុងដំណើរការបង្រៀន និងរៀន។- គ្រូឧទ្ទេស: Chansopheap TIENG
- គ្រូឧទ្ទេស: សុភ័ណ្ឌ ធី
- គ្រូឧទ្ទេស: ប៊ុនថា យូ
- គ្រូឧទ្ទេស: វណ្ណា សឿ
- គ្រូឧទ្ទេស: វណ្ណៈ អ៊ុយ