
កម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀននេះ រៀបចំឡើងសម្រាប់បណ្តុះបណ្ដាលគ្រូបង្រៀនកម្រិតបឋមសិក្សា ដែលជាតម្រូវការពិសេសសម្រាប់គ្រូបង្រៀនសតវត្សរ៍ទី២១ និងភាពជាពលរដ្ឋឌីជីថល។ មុខវិជ្ជាអប់រំសុខភាព អប់រំកាយនិងកីឡា មានគោលបំណងអប់រំគរុនិស្សិតឱ្យទទួលបាននូវចំណេះដឹង និងបំណិនជាមូលដ្ឋាននៃសុខភាពសាលារៀន ការអប់រំកាយនិងកីឡា សម្រាប់លើកកម្ពស់សុខុមាលភាពសិក្សារបស់ខ្លួន និងការអប់រំសុខភាព អប់រំកាយនិងកីឡានៅកម្រិតបឋមសិក្សា។ ផ្នែកសុខភាព គរុនិស្សិតនឹងស្វែងយល់ពីគោលបំណងសុខភាពសាលារៀន ការលូតលាស់និងមុខងាររាងកាយ អនាម័យនិងការការពារពីជំងឺ ផលប៉ះពាល់និងការពិនិត្យតាមដានសុខភាព សុខភាពផ្លូវភេទ សុខភាពផ្លូវចិត្ត ការសង្គ្រោះបឋម ការគ្រប់គ្រងសុវត្ថិភាពសាលារៀន សេវានិងប្រព័ន្ធសុខភាពសាលារៀន។ ផ្នែកអប់រំកាយនិងកីឡា គរុនិស្សិតនឹងស្វែងយល់ពីគោលការណ៍និងការរៀបចំថ្នាក់អប់រំកាយនិងកីឡា អប់រំកាយតាមចង្វាក់ភ្លេង កាយសម័្ពន្ធ អត្តពលកម្ម ល្បែងបាល់ និងតេស្តកាយសម្បទា។ ការសិក្សាត្រូវផ្សារភ្ជាប់ទៅនឹងការផលិតសម្ភារឧបទេសជាមួយនឹងធនធានដែលមាននៅក្នុងមូលដ្ឋាន ការអនុវត្តជាក់ស្ដែងក្នុងនិងក្រៅថ្នាក់រៀនដែលជួយឱ្យគរុនិស្សិតមានទំនុកចិត្តក្នុងការអប់រំសុខភាពសិក្សា អប់រំកាយនិងកីឡានៅថ្នាក់រៀនរបស់ពួកគេនាពេលអនាគត។
- គ្រូឧទ្ទេស: BTEC-TEACHER Um Chhoin
- គ្រូឧទ្ទេស: Mao Veasna
- គ្រូឧទ្ទេស: Uy Vichet
- គ្រូឧទ្ទេស: ស្រី ឃីវសុខុម
- គ្រូឧទ្ទេស: ឡាំ ប៊ុនមករា