ពាក្យថា «អក្ខរកម្ម» សំដៅដល់សមត្ថភាពដែលចេះអាន និងសរសេរ។ «អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន» សំដៅដល់ សមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនប្រភេទ។ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន គឺជាជំនាញមួយចង្កោម ដែលអនុញ្ញាតឲ្យបុគ្គលម្ម្នាក់ ចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ចេះវិភាគព័ត៌មានចេញពីប្រព័ន្ធផ្សព្វផ្សាយ ចេះបង្កើតសារប្រព័ន្ធ ផ្សព្វផ្សាយថ្មីៗ ចេះឆ្លុះបញ្ចាំងលើព័ត៌មានប្រព័ន្ធផ្សព្វផ្សាយដែលកំពុងមានស្រាប់ និងចេះចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធផ្សព្វផ្សាយ។
បុគ្គលដែលមានការយល់ដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ មានសមត្ថភាពអាចយល់ពីសារស្មុគស្មាញ ដែលផ្សាយចេញលើកាសែត ផ្ទាំងប៉ាណូ វីដេអូហ្គេម តន្រ្តី អ៊ីនធឺណិត បណ្តាញសង្គម និងប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ក៏ដូចជាចេះបង្កើតសារ ប្រព័ន្ធផ្សព្វផ្សាយដោយខ្លួនឯងផងដែរ។
នៅតាមបណ្តាប្រទេសជាច្រើន អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន បានក្លាយជាផ្នែកមួយនៃកម្មវិធីសិក្សារួចទៅហើយ។ អ្នកបង្រៀនយល់ឃើញថា អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានមានសារៈសំខាន់ខ្លាំងណាស់ ព្រមទាំងជាវិធីមួយដែល អាចធ្វើឲ្យសិស្ស អាចប្រើជំនាញនៃការគិតស៊ីជម្រៅបានយ៉ាងទូលំទូលាយ។ ដោយសារតែបច្ចេវិទ្យាប្រព័ន្ធផ្សព្វផ្សាយមាន ការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយប្រព័ន្ធផ្សព្វផ្សាយមានភាពស្មុគស្មាញ និងផ្លាស់ប្តូរជាបន្តបន្ទាប់យ៉ាងលឿននោះ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន បានក្លាយជាជំនាញដ៏សំខាន់មួយនៅជុំវិញពិភពលោក។
- គ្រូ: ផូ សុវណ្ណ
- គ្រូ: សឿង ចាន់ថូ
- គ្រូ: អុិត ចណ្ណា