អ្នកអាចប្រើជម្រើសណាមួយខាងក្រោមដើម្បីចុះឈ្មោះ៖

ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញនូវការអភិវឌ្ឍលើមូលដ្ឋានគ្រឹះចំនួន២ គឺហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការកសាងទំនុកចិត្ត​លើ​ប្រព័ន្ធឌីជីថល ព្រមទាំងបានកំណត់នូវសរសរស្ដម្ភយុទ្ធសាស្ត្រចំនួន៣ រួមមានការកសាងពលរដ្ឋឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល និងការជំរុញធុរកិច្ចឌីជីថល។ ក្នុងនោះការសម្រេចបាននូវ "ពលរដ្ឋឌីជីថល" ពេញលក្ខណៈ ទាមទារឱ្យបុគ្គលម្នាក់ៗមានសមត្ថភាពប្រើប្រាស់ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាប្រកប​ដោយ​សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។

ឆ្លើយតបនឹងក្របខណ្ឌជាតិខាងលើ និងស្របតាមទិសដៅកំណែទម្រង់ក្រសួងអប់រំ យុវជន និងកីឡា លើ​ការ​ធ្វើ​បរិវត្តកម្មឌីជីថល និងការលើកកម្ពស់គុណភាពអប់រំ វគ្គសិក្សាស្ដីពី “ការពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មាន​នៅក្នុងបរិវត្តកម្មការអប់រំឌីជីថល” ត្រូវបានអភិវឌ្ឍឡើង​ដើម្បីកសាងសមត្ថភាពគ្រូបង្រៀនឱ្យឆ្លើយតប​ទៅនឹង​តម្រូវការនៃសតវត្សរ៍ទី២១។

លើសពីនេះ វគ្គសិក្សាមានគោលដៅលើកកម្ពស់សមត្ថភាពស្ដីពីអក្ខរកម្មព័ត៌មាន និង​ទិន្នន័យ ប្រតិបត្តិការឧបករណ៍ឌីជីថល និងសុសវែរ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ការប្រាស្រ័យទាក់ទង និង​កិច្ចសហប្រតិបត្តិការ ការបង្កើតមាតិកាឌីជីថល សន្តិសុខ និងសុវត្ថិភាព ការដោះស្រាយបញ្ហា និង​ការសិក្សា​ពេញមួយជីវិត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងសង្គម និងសេដ្ឋកិច្ចឌីជីថល​ដ៏រស់រវើក។

វគ្គសិក្សានេះមានគោលបំណងលើកកម្ពស់ចំណេះដឹងស្ដីពី “អក្ខរកម្មព័ត៌មាន” ​លើកកម្ពស់ការប្រើប្រាស់​បច្ចេកវិទ្យាថ្មីៗ ជំនួយដល់ការបង្រៀនប្រកបដោយការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងការច្នៃប្រឌិត ស្របតាមបរិបទឌីជីថលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សំដៅប្រែក្លាយគ្រូបង្រៀនឱ្យទៅជាអ្នកដឹកនាំ​ក្នុងការផ្លាស់ប្តូរ និងកសាងបរិយាកាសសិក្សា​ដែលមានគុណភាព សុវត្ថិភាព និងឆ្លើយតបទៅ​នឹងតម្រូវ​ការសង្គម។ ការចូលរួមវគ្គសិក្សានេះនឹងក្លាយជាការបោះជំហានដ៏សំខាន់ក្នុងការលើកកម្ពស់​សមត្ថភាព​វិជ្ជាជីវៈ​​របស់លោកគ្រូ អ្នកគ្រូ និងចូលរួមយ៉ាងសកម្មក្នុងការបង្កើតប្រព័ន្ធអប់រំដ៏រឹងមាំសម្រាប់យុគសម័យថ្មី។

កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមឡើងនាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការឧបត្ថម្ភថវិកាគាំទ្រដោយមូលនិធិ ស.អ. នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនស្មាត និងជំនួយបច្ចេកទេសដោយក្រុមហ៊ុន ADITI។


ការចុះឈ្មោះដោយខ្លួនឯង (សិស្ស)
ការចុះឈ្មោះដោយខ្លួនឯង (សិស្ស)
ចូលដោយប្រើគណនីរបស់អ្នកនៅ