ជំហាន និងល័ក្ខខ័ណ្ឌផ្សេងៗដើម្បីផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល
មូលហេតុដែលអ្នកគួរដំណើរការវគ្គសិក្សាលើថ្នាលអភិវឌ្ឍសមត្ថភាព
ភាពបទបែន
ថ្នាលអភិវឌ្ឍសមត្ថភាពត្រូវបានឌីហ្សាញឲ្យមានលក្ខណៈបត់បែនទៅតាមប្រភេទឧបករណ៍ផ្សេងៗ ដើម្បីឲ្យអ្នកសិក្សាអាចចូលទៅកាន់មាតិកានៃវគ្គសិក្សា និងបំពេញកិច្ចការផ្សេងៗដោយប្រើឧបករណ៍របស់គាត់មិនថាជាកុំព្យូទ័រ ឬទូរស័ព្ទឆ្លាតវៃ។
ថ្នាលអភិវឌ្ឍសមត្ថភាពក៏ជាកម្មវិធីវេប PWA ដែលអាចឲ្យគេដំឡើងកម្មវិធី MOEYS CDP នៅលើកុំព្យូទ័រ ឬទូរស័ព្ទយ៉ាងឆាប់រហ័ស និងងាយស្រួល ដោយមិនចាំបាច់មានគណនីលើ App Store ឬ Playstore ឡើយ។
ការបង្កើតគណនីបែបសាមញ្ញ
អ្នកប្រើប្រាស់ភាគច្រើននៅកម្ពុជាមិនសូវប្រើអ៊ីមែលជាប្រចាំទេ ដូច្នេះយើងផ្តល់ជម្រើសផ្សេងៗ ដើម្បីឲ្យពួកគេអាចបង្កើតគណនីលើថ្នាលអភិវឌ្ឍសមត្ថភាពដោយងាយស្រួល ។ គេអាចជ្រើសរើសរវាងអ៊ីមែល ឬតេលេក្រាម ឬជម្រើសទាំងពីរតែម្តង។
ការភ្ជាប់តេលេក្រាម
តេលេក្រាមជាកម្មវិធីដ៏ពេញនិយមបំផុតនៅកម្ពុជាសម្រាប់ទំនាក់ទំនងគ្នា ។ អ្នកប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាពអាចធ្វើការទាក់ទងនឹងថ្នាលតាមរយៈតេលេក្រាម bot ផ្លូវការរបស់ថ្នាល ដើម្បីទទួលបានបច្ចុប្បន្នភាពពីថ្នាល និងគ្រប់គ្រងគណនីរបស់គេ ។ លើសពីនេះ គេក៏អាចជ្រើសរើសទទួលសារពីថ្នាលតាមរយៈតេលេក្រាមផងដែរ។
ទៅដល់អ្នកប្រើប្រាស់គោលដៅរបស់អ្នក
ថ្នាលអភិវឌ្ឍសមត្ថភាពជាថ្នាលផ្លូវការមួយរបស់ក្រសួងអប់រំ។ ក្រុមការងារថ្នាលកំពុងធ្វើការយ៉ាងសកម្មដើម្បីឲ្យថ្នាលត្រូវបានស្គាល់ និងប្រើប្រាស់ដោយលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទូទាំងប្រទេស។ អ្នកប្រើប្រាស់លើថ្នាលអភិវឌ្ឍសមត្ថភាពក៏អាចភ្ជាប់ និងផ្ទៀងផ្ទាត់គណនីរបស់គេនឹងគណនីផ្លូវការរបស់គេក្នុងថ្នាល HRMIS ដែលជាថ្នាលគ្រប់គ្រង់ព័ត៌មានបុគ្គលិកនៃក្រសួងអប់រំផងដែរ ។
ផ្តល់វិញ្ញាបនប័ត្រ និង ក្រេឌីតអវប
លោកអ្នកមានជម្រើសក្នុងការផ្តល់ជូនសិក្ខាកាមរបស់អ្នកនូវអត្ថប្រយោជន៍ ឬការទទួលស្គាល់ផ្សេងៗនៅពេលដែលគេបញ្ចប់វគ្គសិក្សា និងបំពេញលក្ខខ័ណ្ឌគ្រប់គ្រាន់។ អត្ថប្រយោជន៍ទាំងនោះមានដូចជាស្លាកសម្គាល់ជំនាញ វិញ្ញាបនប័ត្របញ្ចប់វគ្គសិក្សាឌីជីថល និងក្រេឌីតអវបដែលទទួលស្គាល់ដោយក្រសួងអប់រំ (សម្រាប់តែបុគ្គលិករដ្ឋ) ។
ជំនួយនិងការបណ្តុះបណ្តាល
មណ្ឌលជំនួយរបស់យើងមានធនធានវីដេអូខ្លីៗដែលបង្ហាញពីរបៀបបំពេញកិច្ចការផ្សេងៗនៅលើថ្នាល។ គេអាចចូលទៅកាន់មណ្ឌលជំនួយពេលណាក៏បាន ដូច្នេះអ្នកអាចកាត់បន្ថយពេលរបស់លោកអ្នកក្នុងការផ្តល់ជំនួយបច្ចេកទេស ហើយទុកពេលវេលារបស់អ្នកសម្រាប់ផ្តោតទៅលើការបង្រៀនវគ្គសិក្សារបស់អ្នកប្រកបដោយប្រសិទ្ធភាព ។
ក្រុមការងារថ្នាលក៏បានបង្កើតមគ្គុទ្ទេសន៍សម្រាប់អ្នកបង្កើតវគ្គសិក្សានៅលើថ្នាលផងដែរ ដើម្បីធានាថាពួកគេមានជំនាញ និងចំនេះដឹងគ្រប់គ្រាន់ក្នុងការបង្កើត និងដំណើរការវគ្គសិក្សារបស់ពួកគេ ដោយខ្លួនឯង និងអាចផ្តល់ជំនួយដល់សិក្ខាកាមរបស់ពួកគេ ក្នុងករណីសិក្ខាកាមមានបញ្ហាណាមួយ ។
ជំហានដើម្បីក្លាយជាអ្នកផ្តល់វគ្គសិក្សា
ជំហានទី១៖ បញ្ចប់វគ្គសិក្សាមគ្គុទេសន៍
វគ្គសិក្សាមគ្គុទេ្ទសន៍រយៈពេលប្រហែល ១០ ម៉ោងនេះ រួមបញ្ចូលចំណុចទាំងឡាយដែលអ្នកបង្កើតវគ្គសិក្សាត្រូវដឹងដើម្បីបង្កើតនិងដំណើរការវគ្គសិក្សានៅលើថ្នាលអភិវឌ្ឍសមត្ថភាព។ អ្នកមិនចាំបាច់មានបទពិសោធន៍ជាមួយនឹង Moodle ដើម្បីចូលរួមក្នុងវគ្គសិក្សានេះទេ។ នៅចុងបញ្ចប់នៃវគ្គសិក្សានេះ អ្នកនឹងទទួលបានស្លាកសម្គាល់ជំនាញ CDP Course Creator មួយ ដែលជាសិទ្ធមួយក្នុងការស្នើបង្កើតវគ្គសិក្សាលើថ្នាល។
ជំហានទី២៖ ចុះឈ្មោះស្ថាប័នរបស់អ្នក
នៅពេលដែលអ្នកបញ្ចប់វគ្គសិក្សាខាងលើហើយ អ្នកអាចចុះឈ្មោះស្ថាប័នរបស់អ្នកជាអ្នកផ្តល់វគ្គសិក្សាលើថ្នាល ដោយបំពេញទម្រង់សាមញ្ញមួយ។ ក្រុមការងារថ្នាលអភិវឌ្ឍសមត្ថភាពនឹងទាក់ទងទៅអ្នកដើម្បីសាកសួរព័ត៌មានបន្ថែម។
ជំហានទី៣៖ ស្នើវគ្គសិក្សា
នៅពេលដែលស្ថាប័នរបស់អ្នកត្រូវបានចុះឈ្មោះហើយ អ្នកអាចចាប់ផ្តើមស្នើវគ្គសិក្សារបស់អ្នកបានហើយ ។ ដើម្បីធានាគុណភាព និងសុក្រិតភាពនៃវគ្គសិក្សាលើថ្នាលអភិវឌ្ឍសមត្ថភាព សំណើរបស់អ្នកត្រូវត្រួតពិនិត្យ និងអនុម័តដោយក្រុមការងារថ្នាលមុននឹងអ្នកអាចដំណើរការវគ្គសិក្សាបាន។
របៀបផ្តល់វគ្គសិក្សាជាអ្នកជំនាញបុគ្គល?
ជំហានទី១៖ បញ្ចប់វគ្គសិក្សាមគ្គុទេ្ទសន៍
វគ្គសិក្សាមគ្គុទេ្ទសន៍រយៈពេលប្រហែល ១០ ម៉ោងនេះ រួមបញ្ចូលចំណុចទាំងឡាយដែលអ្នកបង្កើតវគ្គសិក្សាត្រូវដឹងដើម្បីបង្កើតនិងដំណើរការវគ្គសិក្សានៅលើថ្នាលអភិវឌ្ឍសមត្ថភាព។ អ្នកមិនចាំបាច់មានបទពិសោធន៍ជាមួយនឹង Moodle ដើម្បីចូលរួមក្នុងវគ្គសិក្សានេះទេ។ នៅចុងបញ្ចប់នៃវគ្គសិក្សានេះ អ្នកនឹងទទួលបានស្លាកសម្គាល់ជំនាញ CDP Course Creator មួយ ដែលជាសិទ្ធមួយក្នុងការស្នើសុំវគ្គសិក្សាលើថ្នាល។
ជំហានទី២៖ ស្នើវគ្គសិក្សា
នៅពេលដែលអ្នកបានស្លាក CDP Course Creator ហើយ អ្នកអាចចាប់ផ្តើមស្នើវគ្គសិក្សារបស់អ្នកបានហើយ ។ ដើម្បីធានាគុណភាព និងសុក្រិតភាពនៃវគ្គសិក្សាលើថ្នាលអភិវឌ្ឍសមត្ថភាព សំណើរបស់អ្នកត្រូវត្រួតពិនិត្យ និងអនុម័តដោយក្រុមការងារថ្នាលមុននឹងអ្នកអាចដំណើរការវគ្គសិក្សាបាន។